ចិន​ផលិត​យាន​អាច​បរ​លើ​គ្រប់​ដែន​គោក និង​ទឹក


ក្រុង​ប៉េកាំង : ស្ថាបនិក​ជនជាតិ​ចិន​បាន​បង្កើត​នូវ​រថយន្ត​គំរូ​ដែល​អាច​ធ្វើ​ដំណើរ​នៅ​ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​ទឹកកក​រអិល​ទេ។
រថយន្ត​ដែល​មាន​រាង​ដូច​ Mouse កុំព្យូទ័រ​នេះ​អាច​បរ​លើ​គ្រប់​សណ្ឋាន​នេះ ​ដោយ​បង្កើន​ល្បឿន​បាន​រហូត​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ នៅ​ពេល​ដែល​ស្ថានភាព​ផ្លូវ​មាន​ការ​ផ្លាស់​ប្ដូរ វា​អាច​បរ​លើ​ដោយ​រលូន មិន​ថា​ប្ដូរ​ពី​ផ្លូវ​កៅស៊ូ ទៅ​ផ្លូវ​ចាក់​ខ្សាច់ ឬ​ក៏​ផ្លូវ​ទឹកកក​ឡើយ។
ដោយ​មាន​ការ​ឧបត្ថម្ភ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ អាល្លឺម៉ង់ អ្នក​រចនា​ម៉ូឌ​រថយន្ត​ជនជាតិ​ចិន​លោក ចាង យូហាន អាយុ​២១​ឆ្នាំ​ បាន​បង្កើត​រថយន្ត​នេះ​ឡើង​ដោយ​ឲ្យ​ឈ្មោះ​ថា Volkswagen Aqua ដែល​អាច​ដើរ​តួនាទី​ជា​ឡាន ជា​កូន​កប៉ាល់ ឬ​ជា​រទេះ​ស្គី​ទឹកកក។
រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឲ្យ​មាន​រាង​រលូន ​មាន​ស្លាប​កង្ហា​បួន និង​ពោង​ដែល​អាច​ឲ្យ​វា​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក។
ក្រៅ​ពី​សមត្ថភាព​ជ្រែក​ទឹក​ជ្រែក​ដី រថយន្ត​នេះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកទេស​ប្រើប្រាស់​ថាមពល​មិន​ ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ដោយ​សារ​តែ​វា​ដើរ​ដោយ​ប្រភព​អ៊ីត្រូសែន។ ដូច្នេះ​ហើយ​ Volkswagen Aqua នឹង​មិន​បញ្ចេញ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ទេ។

រថយន្ត​មាន​ម៉ូទ័រ​ដែល​អាច​បំប៉ោង​ខ្លួន លើក​កម្ពស់​រថយន្ត​ឲ្យ​ផុត​ពី​ដី។ ប្រព័ន្ធ​បញ្ជា​ទិសដៅ​ត្រូវ​បាន​ភ្ជាប់​ ធ្វើ​ឲ្យ​រថយន្ត​មាន​ចលនា​ទៅ​មុខ​ដោយ​រលូន។
រថយន្ត​នេះ​គឺជា​បច្ចេកវិទ្យា​ដ៏​ពិសេស​និង​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​ធ្វើ​ឲ្យ Volkswagen ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​បណ្ដា​អតិថិជន ក៏​ដូច​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​ទៀត។
លោក ចាង ជា​ស្ថាបនិក​វ័យ​ក្មេង​បាន​និយាយ​ថា៖ «គ្មាន​យាន​អ្វី​ដែល​ជិះ​ទៅ​ស្រួល​ដូច​យាន​ដែល​ប្រើ​កម្លាំង​ខ្យល់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ដំណើរ​លើ​ផ្ទៃ​ដី ទឹកកក និង​ផ្ទៃ​ទឹក​បាន​យ៉ាង​ប្រសើរ»។
លោក​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា រថយន្ត Volkswagen Aqua នឹង​វិវឌ្ឍ​ក្លាយ​ជា​យាន​មួយ​ដែល​មាន​ថាមពល​ខ្លាំង។ ទន្ទឹម​នឹង​នោះ​វា​ក៏​គួរ​តែ​ផលិត​ក្នុង​បរិមាណ​ច្រើន និង​មាន​តម្លៃ​ថោក​សមរម្យ​ផង​ដែរ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​មាន​លទ្ធភាព​ទិញ​វា​ជិះបាន​លើ​គ្រប់ ស្ថានភាព​ផ្លូវ​ទាំង​អស់»៕

 

iDownloadGeek © 2011 Design by ThiBeatZ | Sponsored by ThiBeatZ
ចិន​ផលិត​យាន​អាច​បរ​លើ​គ្រប់​ដែន​គោក និង​ទឹក |iDownloadGeek